កាលពីព្រេងនាយ មានបុរសកំសត់ពីរនាក់ប្តីប្រពន្ធ មានកូនប្រុសមួយ។ កូននោះកើតឡើងវេលាណា មានទេវតាអាក្រក់មកថែរក្សាសែកសោយ។ តាំងពីទេវតាអាក្រក់មកសែកសោយក្មេងនោះ ឪពុកម្តាយក៏ស្លាប់ចោលអស់ទៅ។ ក្មេងនោះនៅជាមួយជីដូនៗ ក៏ថែរក្សាដរាបដល់អាយុ ២០ ឆ្នាំ។ ថ្ងៃមួយ ក្មេងនោះចូលទៅក្នុងព្រៃ ដើម្បីរកឧស កំពុងតែកាប់ឧស មានទេវតាមួយអង្គទៀត ដែលជាទេវតាល្អ បានជួយឱ្យចំរុងចំរើនយសស័ក្តិភោគសម្បត្តិ។
ទេវតានោះនិយាយនឹងទេវតាអាក្រក់ថា «តាំងពីអ្នកឯង ចូលមករក្សាមនុស្សនេះកាលណា ម្តាយឪពុកគ្នាស្លាប់ចោលអស់ហើយ គ្នាក្រលំបាកពន់ពេក ឃើញថារឹទ្ធិអ្នកឯងពូកែមែន»។ ទេវតាអាក្រក់និយាយតបទៅវិញថា «អ្នកជឿថាអំណាចខ្ញុំពូកែទេ?»។ ទេវតាល្អឆ្លើយថា «ខ្ញុំជឿហើយ ប៉ុន្តែខ្ញុំសូមរក្សាមនុស្សនេះម្តង»។ ទេវតាអាក្រក់ព្រមបើកអំណាចឱ្យទេវតាល្អ ថែរក្សាហើយហោះទៅ។ ទេវតាល្អបណ្តាលឱ្យមនុស្សនោះកំពុងតែកាប់ឧស ក៏ដាក់ដឹងចុះហើយភ្ញាក់ខ្លួនព្រើតលោគិតថា «ឱអញ! បើអញនៅរស់ គ្រាន់អញរកស៊ីចិញ្ចឹមជីវិតជីដូនអញទៀត បើប្រសិនជាអញស្លាប់ទៅ តើបានអ្នកណានឹងរកស៊ីចិញ្ចឹមជីដូនអញទៀត បើដូច្នេះអញគិតទៅនិយាយបបួលយាយអញទៅនៅធ្វើខ្ញុំសេដ្ឋី គ្រាន់តែសុំបាយគេស៊ី ប្រហែលជាគេព្រមហើយ» គិតតែប៉ុណ្ណេះ ក៏លែងកាប់ឧសត្រឡប់ទៅផ្ទះវិញ ទៅដល់និយាយប្រាប់ជីដូនតាមដំណើរសព្វគ្រប់ ដែលខ្លួនគិតកាលទៅកាប់ឧស។ ជីដូនបានស្តាប់ហើយក៏ចូលចិត្តព្រមតាមចៅ បុរសកំសត់ទាំងពីរនាក់ គឺជីដូន និងចៅ ក៏នាំគ្នាដើរទៅផ្ទះមហាសេដ្ឋី ដល់ចូលទៅក្នុងកំពែងរបងហើយ ទៅអង្គុយបត់ជើងនៅមាត់ជណ្តើរមហាសេដ្ឋី។ លុះបន្តិចទៅ មហាសេដ្ឋីប្តីប្រពន្ធនាំគ្នាចេញមកក្រៅ ក្រឡេកទៅឃើញអ្នកទាំងពីរនាក់នៅអង្គុយក៏សួរទៅថា «ឯងមកនេះមានប្រាថ្នាអ្វី?»។ បុរសកំសត់នោះឆ្លើយជំរាបទៅសេដ្ឋីថា «ខ្ញុំពីរនាក់ជីដូន និងចៅនេះ មកសុំនៅធ្វើជាខ្ញុំបម្រើលោក គ្រាន់តែយកបាយចិញ្ចឹមជីវិត»។ មហាសេដ្ឋីស្តាប់ហើយឆ្លើយថា «អើឯងនៅចុះ»។ បុរសនោះជំរាបទៅមហាសេដ្ឋីថា «សូមលោកមេត្តាឱ្យខ្ញុំនៅបម្រើខាងលើផ្ទះបាយហើយនិងផ្ទះធំ»។ មហាសេដ្ឋីព្រម ទើបយាយចាស់នោះ សុំគ្រាន់តែដេញមាន់ទាកុំឱ្យស៊ីស្រូវ កាលណាគេយកស្រូវទៅហាល។ បុរសនោះ ខំយកចិត្តទុកដាក់បម្រើសេដ្ឋីមិនឱ្យទាស់ចិត្តបន្តិចសោះ។ មហាសេដ្ឋីមានចិត្តអាណិតស្រឡាញ់រាប់អាន។ លុះយូរទៅប្រមាណជា ៣-៤ ឆ្នាំ បុរសនោះ សុំមហាសេដ្ឋីទៅនៅឃ្វាលក្របីវិញ ដល់នៅឃ្វាលក្របីផ្លាស់អស់ខ្សែពួរចាស់ៗទាំងប៉ុន្មាន ជួសជុលក្រោលឱ្យស្អាតល្អឡើង ក្របីទាំងអស់ចំនួន ១០០ ក្បាល។ ដល់យូរទៅ មហាសេដ្ឋីប្តីប្រពន្ធនិយាយគ្នាថា «តាំងពីអានេះទៅឃ្វាលក្របី យើងមិនដែលទៅមើលវាម្តងសោះ ដូច្នេះត្រូវយើងនាំគ្នាទៅមើលវាម្តង» ក៏នាំប្តីប្រពន្ធទៅ លុះទៅដល់ ទៅមើលក្របី ខ្សែពួរ និងក្រោល ពេញចិត្តទាំងអស់ ក៏ត្រឡប់មកវិញនិយាយគ្នាថា «អានេះជាមនុស្សល្អ កាលដែលយើងឃើញមុន មិនដែលមានប្រដាប់សម្រាប់ក្របីថ្មីយ៉ាងនេះទេ ឥឡូវនេះមានព្រម អានេះជាមនុស្សចិត្តត្រង់នឹងចៅហ្វាយនាយ»។
បុរសនោះទៅឃ្វាលក្របីរាល់ថ្ងៃ មានកាលថ្ងៃមួយនោះ ពេលល្ងាចដេញក្របីត្រឡប់មកក្រោលវិញ មកដល់ត្រពាំងមួយ ដេញក្របីចុះទៅត្រញំងទឹក ទៅជាន់លើដុំមាសនៅក្នុងត្រញំងនោះ បែរទៅខាងណាក៏សុទ្ធតែដុំមាស ពេញត្រពាំងទាំងអស់។ បុរសថា «ដុំថ្មអ្វីក៏ច្រើនម្ល៉េះ ប៉ះជើងស្ទើរស្លាប់ហើយ» ថាហើយក៏យកដុំមាសមួយដុំមក គិតថា «អញយកដុំថ្មនេះទៅផ្ញើយាយអញ ព្រោះថ្មនេះល្អ»។ បុរសនោះដេញក្របីមកចូលក្រោល រួចហើយក៏យកដុំមាសនោះទៅឱ្យជីដូនៗ បានដុំមាសហើយសួរថា «ចៅយកពីណាមកយកទៅវិញទៅ យាយមិនហ៊ានយកទេ ដុំមាសធំម្ល៉េះ»។ បុរសដឹងជាដុំមាសដូច្នោះហើយ ក៏យកទៅទុកក្នុងត្រពាំងវិញ ចំណាំកន្លែងទុករួចត្រឡប់មកវិញ។
ថ្ងៃក្រោយមក ព្រះមហាក្សត្រទ្រង់ល្បងចិត្តពួកសេនាបតី ទ្រង់មានព្រះបន្ទូលទៅអមាត្យថា «អ្នកឯងទៅប្រាប់សេនាបតីទាំង ៤ ថា ល្ងាចនេះឱ្យដេកចាំព្រះបរមរាជវាំងនៅចុងព្រះរាជរោង»។ អមាត្យនាំយកព្រះរាជបន្ទូលទៅជំរាបសេនាបតីទាំង ៤ តាមដំណើរ។ សេនាបតីទាំងនោះក៏រៀបខ្លួនមកដេកតាមព្រះរាជឱង្ការ ពេលមកដេកនោះ មិនគិតប្រុងប្រយ័ត្នសោះ គិតតែពីដេកទាល់ភ្លឺ។ លុះយប់ជ្រៅស្ងាត់ ស្តេចទ្រង់យាងមកទតសេនាបតីទាំង ៤ នោះ ឃើញដេកទាំងអស់គ្នា ក៏ទ្រង់យាងត្រឡប់ទៅក្រឡាព្រះបន្ទំវិញ ដល់ព្រឹកឡើង ទ្រង់មានព្រះបន្ទូលឱ្យចាប់សេនាបតីទាំងនោះ យកទៅកាប់ចោលទៅ។ លុះល្ងាចក្រោយទៀត ទ្រង់មានព្រះបន្ទូលឱ្យហៅមហាសេដ្ឋីទាំង ៤ ឱ្យមកដេកដូចមុនទៀត។ មហាសេដ្ឋីដែលជាចៅហ្វាយរបស់បុរសកំសត់នោះ ភ័យណាស់ព្រោះមិនដឹងជាមានរឿងអ្វី បានជាស្តេចឱ្យសម្លាប់សេនាបតីទាំង ៤ មុននោះ ឥឡូវដល់មកខ្លួនទៀត គិតថាមុខជាស្លាប់ហើយ កូនប្រពន្ធទាំងប៉ុន្មានយំសោកទាំងអស់គ្នា។ លុះបន្តិចទៅ ឮទៅដល់បុរសកំសត់ៗ ក៏ឡើងមកសួរថា «ហេតុម្តេច បានជាយំសោកយ៉ាងនេះ?»។ មហាសេដ្ឋីប្រាប់ទៅតាមដំណើររឿង។ បុរសថា «បើដូច្នេះ ខ្ញុំសូមទៅដេកជំនួស»។ មហាសេដ្ឋីឮដូច្នោះហើយ ក៏អរណាស់ ឱ្យរកសំពត់អាវល្អៗ យកមកឱ្យបុរសកំសត់នោះស្លៀក ដោយគិតថា មុខជាស្លាប់ហើយ។ លុះបុរសរៀបខ្លួនស្រេច នឹងទៅដេកចាំវាំង ជាមួយពួកមហាសេដ្ឋីឯទៀត តែពេលទៅ បុរសនោះយកទាំងដាវមួយទៅផង ទៅដល់ហើយក៏ដេក។ ពួកមហាសេដ្ឋីឯទៀត គេនៅអង្គុយនិយាយគ្នាលេង លុះដល់យប់ជ្រៅទើបនាំគ្នាដេកអស់ទៅ។ បុរសនោះ ដឹងថាគេដេកស្ងាត់ ក៏ក្រោកឡើងអង្គុយម្នាក់ឯង។ លុះយប់ជ្រៅស្ងាត់ ស្តេចទ្រង់ចេញមកដូចមុនទៀត មកដល់ចុងព្រះរាជរោង បុរសនោះក្រឡេកឃើញទាញដាវបាន ដេញកាប់ធ្វើជាកាប់ផុតៗ ស្តេចរត់រួចទៅ។ ក្នុងមួយយប់នោះ ស្តេចចេញមក ៣ ដង។ បុរសដេញកាប់ទាំង ៣ ដង ស្តេចទ្រង់រត់ទៅវិញ។ លុះព្រឹកឡើង ស្តេចទ្រង់មានព្រះបន្ទូល ឱ្យចាប់សេដ្ឋីទាំង ៣ នាក់ ដែលដេកនោះទៅកាប់ចោល ហើយទ្រង់មានព្រះបន្ទូលឱ្យហៅបុរសកំសត់នោះទៅ ទ្រង់មានព្រះបន្ទូលសួរបុរសកំសត់ថា «ឯងជាសេដ្ឋីឈ្មោះអ្វី?»។ បុរសកំសត់ក្រាបទូលថា «ទូលព្រះបង្គំជាខ្ញុំ ជាកូនមហាសេដ្ឋីឈ្មោះនោះ»។ ស្តេចមានព្រះបន្ទូលឱ្យទៅហៅមហាសេដ្ឋី ដែលជាចៅហ្វាយបុរសកំសត់នោះមក ទ្រង់មានព្រះបន្ទូលសួរថា «នេះជាកូនអ្នកមែនឬអ្វី?»។
មហាសេដ្ឋីក្រាបទូលឆ្លើយទទួលថា «កូនមែន»។ ស្តេចមានព្រះបន្ទូលថា «បើកូនមហាសេដ្ឋីឯង អញសុំធ្វើជាកូនអញ»។ មហាសេដ្ឋីក៏ថ្វាយបុរសនោះទៅស្តេច ហើយក្រាបបង្គំលាទៅផ្ទះវិញ។ ស្តេចមានព្រះរាជបុត្រីមួយព្រះអង្គ ទ្រង់ក៏រៀបផ្សំផ្គុំនឹងបុរសកំសត់នោះជាប្តីប្រពន្ធទៅ ហើយអភិសេកឱ្យឡើងសោយរាជ្យសម្បត្តិ ដោយអំណាចទេវតាល្អ ចុះមកសែកសោយថែរក្សា។ លុះសោយរាជ្យយូរទៅ ស្តេចបុរសនឹកឃើញទៅដល់មាស ដែលនៅក្នុងត្រពាំង ក៏ត្រាស់បង្គាប់ទៅមហាសេដ្ឋីឪពុក ឱ្យទៅដឹកមាសនោះមកដាក់ឃ្លាំងទុក។
មានមួយថ្ងៃ ស្តេចបុរសនោះ ចង់ចេញទៅកាន់ចុងព្រះរាជរោង ឱ្យសេនាបតីគាល់ ក៏ទៅទូលស្តេចឪពុកៗ ទ្រង់ហាមថា «ឯងជាតិជារាស្ត្រ បើចេញទៅត្រូវយកមហេសីទៅផង»។ ស្តេចបុរសទ្រង់យាងចេញទៅកាន់ព្រះរាជរោង ជាមួយអគ្គមហេសី ពួកនាហ្មឺនទាំងពួងគាល់ត្រៀបត្រា។ វេលានោះ ទេវតាអាក្រក់ដែលរក្សាបុរសនោះអំពីដើម ត្រឡប់មកវិញក៏ជួបនឹងទេវតាល្អ ហើយនិយាយថា «ឥឡូវនេះ អ្នករក្សាមនុស្សនេះ តាំងពីនៅលំបាក ទាល់តែបានធ្វើស្តេចថែមទៀត នេះឃើញថា អំណាចអ្នកពូកែមែន បើដូច្នេះអ្នកចេញទៅ ឱ្យខ្ញុំរក្សាម្តង»។ ទេវតាល្អ ប្រគល់ស្តេចកំសត់ឱ្យទៅទេវតាអាក្រក់ ហើយហោះទៅ។ ពេលនោះមានភ្លៀងផ្គរ ទេវតាអាក្រក់ក៏បណ្តាលចិត្តស្តេចបុរសនោះមួយរំពេច ស្តេចនោះមិនបានគិត លោមានព្រះបន្ទូលចំពោះពួកនាហ្មឺន ដែលគាល់ត្រៀបត្រាថា «អញឮផ្គរលាន់ ស្រណោះនៅពេលឃ្វាលក្របីពីដើមណាស់» គ្រាន់តែប៉ុណ្ណោះ មហេសីក៏ស្ទុះទៅរកព្រះបិតា ហើយក្រាបទូលថា «ព្រះវរបិតាមិនគួរឱ្យខ្ញុំម្ចាស់ទៅអាមនុស្សឃ្វាលក្របីនេះសោះ ខ្ញុំម្ចាស់លែងយកហើយ ព្រោះវានិយាយចំមុខនាហ្មឺន ដែលគាល់ត្រៀបត្រាថា ឮផ្គរលាន់ ស្រណោះនៅពេលឃ្វាលក្របីកាលពីដើម ខ្ញុំម្ចាស់ខ្មាស់ពួកនាហ្មឺនសព្វមុខមន្ត្រីណាស់ ខ្ញុំម្ចាស់មិនយកជាប្តីទេ»។ ស្តេចបិតាឮដូច្នោះ ក៏ឱ្យចាប់ស្តេចនោះយកទៅដាក់គុកទៅ។ ជាប់គុកបានពាក់កណ្តាលថ្ងៃ ទេវតាល្អដែលរក្សាមុននោះ ត្រឡប់មកវិញ ហើយនិយាយទៅទេវតាអាក្រក់ថា «អ្នកមានរឹទ្ធិណាស់ ចូលមករក្សាភ្លាម ស្តេចបុរសបានជាប់គុក ដូច្នេះអ្នកអញ្ជើញទៅចុះ ទុកឱ្យខ្ញុំរក្សាវិញ» រួចហើយទេវតាល្អ ក៏បណ្តាលចិត្តស្តេចបុរសៗ នឹកឃើញភ្លាមថា «អញមិនគួរភ្លាត់សំដីឱ្យទាល់តែជាប់គុកសោះ ប៉ុន្តែគ្មានអ្នកណាដឹងថា អញជាប់គុកនៅឡើយទេ ដូច្នេះអញបង្គាប់ទៅសេដ្ឋីឪពុកអញ ឱ្យយកមាសដែលយកពីក្នុងត្រពាំងនោះដំធ្វើជារូបក្របី ១០០ ដាក់ជើងពានមាស ១០០ យកមកឱ្យអញក្នុងថ្ងៃស្អែកនេះពីព្រឹក» គិតតែប៉ុណ្ណោះ ក៏ប្រើមេគុកឱ្យទៅប្រាប់សេដ្ឋីថា «ស្តេចមានព្រះបន្ទូលថា ឱ្យយកមាសដំធ្វើរូបក្របី ១០០ ដាក់លើជើងពានមាស ១០០ ហើយយកទៅថ្វាយស្តេចដល់កន្លែងទ្រង់»។ សេដ្ឋីឮហើយ ក៏ហៅជាងទាំងពួង ឱ្យធ្វើក្នុងមួយយប់ឱ្យហើយ លុះព្រឹកឡើងឱ្យខ្ញុំស្រីសេដ្ឋី ១០០ នាក់ ទូលយកទៅថ្វាយស្តេចក្នុងព្រះរាជវាំង។ ស្តេចបិតាក្មេកទតមកឃើញ ឱ្យអមាត្យរត់ទៅមើល។ អមាត្យមកក្រាបទូលវិញ ទ្រង់មានព្រះបន្ទូលឱ្យហៅអ្នកទូលក្របីនោះមក ហើយទ្រង់មានព្រះបន្ទូលថា «នាងឯងរាល់គ្នាយកក្របីមាសនេះទៅណា?»។ ស្រីទាំងនោះថា «ខ្ញុំម្ចាស់យកមកថ្វាយព្រះអង្គ»។ ស្តេចទ្រង់ជ្រាប ទ្រង់ឱ្យហៅព្រះរាជបុត្រីជាមហេសីស្តេចកំសត់ ឱ្យចេញមកមើល ហើយមានព្រះបន្ទូលថា «កូនអើយ! ដែលប្តីឯងវាថាស្រណោះកាលឃ្វាលក្របីនោះ មិនមែនក្របីសត្វទេ គឺរូបក្របីមាសនេះឯង កូនមើលក្របីនេះចុះ ណ្ហើយកូនកុំខឹងនឹងប្តី យកប្តីវិញទៅ» មានព្រះបន្ទូលតែប៉ុណ្ណោះ ក៏ទ្រង់ឱ្យទៅដោះស្តេចបុរសកំសត់មក ហើយទ្រង់អភិសេកនឹងនាងជាព្រះរាជបុត្រី ឱ្យឡើងសោយរាជ្យសម្បត្តិ ជាសុខសប្បាយរៀងទៅ ព្រមទាំងយាយជាជីដូននៃបុរសនោះផង៕
No comments:
Post a Comment